សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ កម្មការិនី នៅ​ខេត្ត​កំពត

ខេត្ត​កំពត ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ៥​រោច ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០១៩ ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណ​:​អភិបាល​ខេត្ត​កំពត បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល ជាមួយ​កម្មករ កម្មការិនី​ប្រមាណ ១១,៧៣៨​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​១២ នៅក្នុង​ខេត្ត​កំពត ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ពិធី​ជួប​សំណេះសំណាល​នា​ព្រឹក​នេះ​ប្រារព្ធ​ធ្វើឡើង នៅក្នុង​រោងចក្រ POU CHEN Cambodia CO., LTD ស្ថិតនៅ​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។ រោងចក្រ​ទាំង​១២ ដែល​អនុញ្ញាត​ឲ្យ​កម្មករ និយោជិត បាន​ជួប​សំណេះសំណាល ជាមួយ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​នៅថ្ងៃនេះ មកពី​ខេត្ត​កំពត​ចំនួន​១១ ក្នុងនោះ​ក្រុង​កំពត​ចំនួន​២ មាន​កម្មករ និយោជិត ១,១៥៩​នាក់​, ស្រុក​ទឹកឈូ​ចំនួន​៤ មាន​កម្មករ​និយោជិត​ចំនួន ៤,៣២០​នាក់​, ស្រុក​កំពង់ត្រាច​ចំនួន​២ មានកម្ម​ករយា​ជិត​ចំនួន ២,៨៨៣​នាក់​, ស្រុក​បន្ទាយ​មាស​ចំនួន​១ មាន​កម្មករ​និយោជិត​ចំនួន ៨៥៩​នាក់​, ស្រុក​ដងទង់​ចំនួន​១ មាន​កម្មករ និយោជិត​ចំនួន ១,៦២៩​នាក់​, កសិដ្ឋាន​ចំការចេក​ស្រុក​ឈូក​ចំនួន​១ មាន​កម្មករ និយោជិត​ចំនួន ៨៥៨​នាក់ និង​មក​ពី​កសិដ្ឋាន​ចំការ​ម្រេច​ខេត្ត​កែប​ចំនួន​១ មាន​កម្មករ និយោជិត​ចំនួន ៣០​នាក់ ដែល​មាន​អ្នកវិនិយោគ​មកពី​ប្រទេស​ចិន​ចំនួន​៩, ថៃ​ចំនួន​១ និង​ខ្មែរ​ចំនួន​២ ក្នុងនោះ​មាន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន​១, ផលិត​ស្បែកជើង​ចំនួន​៣, ដេរ​កូន​បាល់​ចំនួន​១, ដេរ​ប៉ាក់​ចំនួន​១, ផលិត​ស៊ីម៉ងត៍​ចំនួន​៣, កសិដ្ឋាន​ចំការចេក​នាំ​ចេញ​ចំនួន​១, កសិដ្ឋាន​ដំណាំ​ម្រេច​នាំ​ចេញ​ចំនួន​១ និង​វា​រី​អគ្គិសនី​ចំនួន​១​។ ផលិតផល​ទាំងអស់​ត្រូវបាន​នាំចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ប្រទេស​។​

​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ឧបត្ថម្ភ​នូវ​ប្រាក់​លើកទឹកចិត្ត​ដល់ កូន ក្មួយ កម្មករ កម្មការិនី ១១,៧៣៨​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន ២០,០០០៛ សរុប​ទឹកប្រាក់​ចំនួន ២៣៤,៧៦០,០០០៛ ព្រមទាំង​កូន ក្មួយ​កម្មការិនី​មាន​ផ្ទៃពោះ ៣៥៧ នាក់ បាន​ទទួល​ថវិកា​ដោយ​ឡែក​ផ្ទាល់​ពី​សម្តេច​នាយករដ្ឋមន្ត្រី​ផងដែរ​៕