លោក ជាវ តា​យ ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត​

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០១៩​នេះ លោក ជាវ តា​យ អភិបាល នៃ​គណ​:​អភិបាល​ខេត្ត​កំពត បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត នៅ​សាលប្រជុំ​ក្រុមប្រឹក្សា​ខេត្ត​។​

​សមាសភាព​អញ្ជើញ​ចូលរួម​មាន​៖ គណ​អភិបាលខេត្ត នាយក នាយករង​រដ្ឋបាល ប្រធាន​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ អភិបាលក្រុង ស្រុក​ទឹកឈូ ស្រុក​ជុំ​គិរី​នឹង​ស្រុក​កំពង់ត្រាច ទីចាត់ការ​អន្តរ​វិស័យ ការិយាល័យ​ភូមិបាល​ស្រុក​ឈូក ស្រុក​ទឹកឈូ ជុំ​គិរី និង​ស្រុក​កំពង់ត្រាច មេឃុំ​កោះ​តូច តេជោ​អភិវឌ្ឍន៍ ត្រពាំង​រាំង តា​កែន និង​មេឃុំ​កំពង់ត្រាច​ខាងកើត សរុប​៤៥​រូប​។​

​កិច្ចប្រជុំ​នា​ព្រឹក​នេះ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត ក៏​បាន​ផ្តោត​ទៅលើ​ការរំលោភបំពាន​ដីភ្នំ ព្រែក បឹងបួ និង​ដី​ព្រៃ​របស់​រដ្ឋ​នៅតាម​តំបន់​មួយចំនួន​នៃ​ខេត្ត​កំពត ពិសេស​ការ​វិវាទ​ដីធ្លី​នៅ​ស្រុក​ជុំ​គិរី ដែល​ត្រូវ​ការរក​ដំណោះស្រាយ​ជា​បន្ទាន់​ផងដែរ​។​ទន្ទឹមនេះ រដ្ឋបាល​ខេត្ត​នឹងមិន​អត់ឱន​ដល់​បុគ្គល​ខិលខូច​ដែល​តែងតែ​លួច​ទន្ទ្រាន​ដី​របស់​រដ្ឋ​យក​ធ្វើ​ជាស​ម្ប​តិ្ត​ឯកជន​នោះ​បាន​ឡើយ​។​

​សូមជម្រាបថា កន្លងមក លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត ធ្លាប់​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​នានា ដោយ​លោក​បាន​សង្កត់ធ្ងន់​ទៅ​លើ​ករណី​រំលោភបំពាន​ដី​របស់​រដ្ឋ ដោយ​លោក​អភិបាលខេត្ត​តែងតែ​ក្រើនរម្លឹក​ថា ជន​ណា​ក៏​ដោយ​ឲ្យតែ​ហ៊ាន​បំពាន​ដី​របស់​រដ្ឋ លោក​នឹង​ចងក្រង​ឯកសារ​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​មិន​ខាន បើ​ទោះ​ជា​ជន​នោះ​ជា​នរណា​ក៏​ដោយ​។​ជាមួយគ្នានេះ មហាជន​ទូទាំង​ខេត្ត​កំពត​រង់ចាំ​មើល​ថា តើ​ចំណាត់ការ​បែបនេះ​អាច​មាន​ប្រសិទ្ធភាព​ដែរ​ឬទេ​?៕